នាព្រឹកថ្ងៃពុធ ៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ដោយមានជំនួយពី ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ដែលជាក្រុមហ៊ុនធានាទិញមូលបត្រតែមួយគត់ និងការរៀបចំដោយផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន ម.ក បានប្រារព្ធពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធជាផ្លូវការនៅលើទីផ្សារកំណើននៃផ្សារមូលបត្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និង ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា ឯកឧត្តមបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមអ្នកវិនិយោគចិននៅកម្ពុជា អមជាមួយមន្ត្រីជំនាញមកពី និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ តំណាងមកពីក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនជាដៃគូសហការ និងតំណាងសារព័ត៌មានជាច្រើនបានអញ្ជើញមកចូលរួមផងដែរ។

ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុនម៉ិន ម.ក. (និមិត្តសញ្ញា៖ ព.ស.ហ) គឺជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធដំបូងគេនៅក្នុង ឆ្នាំ២០២៥ និងជាក្រុមហ៊ុនទី១២ ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធនៅក្នុងផ្សារមូលបត្រកម្ពុជា។ ព្រឹត្តិការណ៍នេះ គឺជាជំហានមួយដ៏សំខាន់សម្រាប់ក្រុមហ៊ុន និងជួយបង្កើនទំនុកចិត្តសម្រាប់វិនិយោគិនក្នុងការវិនិយោគនៅផ្សារមូលបត្រកម្ពុជា ក៏ដូចជា ការបង្កើតគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ និងរីកចម្រើនបន្ថែមរបស់ក្រុមហ៊ុន។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃដំណើរវិវត្តន៍របស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាពេលវេលានៃការចាប់ផ្តើមនៃទីផ្សារមូលធនកម្ពុជាឆ្ពោះទៅរកអន្តរជាតិភាវូបនីយកម្មផងដែរ។

ការចុះបញ្ជីលក់មូលបត្រដោយជោគជ័យរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុនម៉ិន ម.ក. (និមិត្តសញ្ញា៖ ព.ស.ហ) បានបង្ហាញពីភាពទាក់ទាញយ៉ាងខ្លាំងនៃទីផ្សារមូលធនរបស់ប្រទេសកម្ពុជាចំពោះវិនិយោគិនអន្តរជាតិ និងផ្តល់នូវគំរូ និងបទពិសោធន៍ដ៏មានតម្លៃសម្រាប់ក្រុមហ៊ុនដែលមានបំណងចុះបញ្ជីនៅកម្ពុជានាពេលអនាគត។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងថា៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ
«ផែនការទីផ្សារមូលបត្ររយៈពេល ១០ ឆ្នាំ ឆ្នាំ២០២៥-២០៣៥»។ ផែនការនេះស្របនឹងចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជាក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ រឹងមាំ ស្វាហាប់ និងរីកចម្រើននៅឆ្នាំ ២០៥០ និងលើកកម្ពស់ការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្រិតគោលនយោបាយ។

ឯកឧត្តម ស៊ូ សុជាតិ បានថ្លែងថា៖ ខណៈពេលដែលកំពុងពង្រឹងការត្រួតពិនិត្យ រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងលើកទឹកចិត្តយ៉ាងសកម្មដល់ការអភិវឌ្ឍចម្រុះបន្ថែមទៀតនៅក្នុងទីផ្សារមូលបត្រ និងណែនាំផលិតផលហិរញ្ញវត្ថុជាច្រើនប្រភេទដើម្បីបំពេញតម្រូវការវិនិយោគ។

ឯកឧត្តម ហុង សុហួរ បានថ្លែងថា៖ ផ្សារមូលបត្រកម្ពុជា កំពុងលើកកម្ពស់ការចូលរួមរបស់សាធារណជនយ៉ាងសកម្មនៅក្នុងទីផ្សារមូលបត្រតាមរយៈការអប់រំវិនិយោគិន និងលើកទឹកចិត្តសហគ្រាសឱ្យរៀបចំផែនការចុះបញ្ជីរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៦ ដោយសរុបចំនួន ៦៥៤ លានដុល្លារអាមេរិកពីទីផ្សារមូលបត្រ។ ការចុះបញ្ជីដោយជោគជ័យរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុនម៉ិន ម.ក. បង្ហាញថាទីផ្សារមូលធនរបស់ប្រទេសកម្ពុជាមានស្ថិរភាព និងមានសក្តានុពលកំណើនខ្លាំង។

លោក Darren Teng, ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានថ្លែងថា៖
«នៅឆ្នាំ ២០២៤ ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងមនុស្សម្នាក់របស់ព្រះរាជាណាចក្រកម្ពុជាបានលើសពី ២.០០០ ដុល្លារអាមេរិក នេះបានបង្ហាញអោយបានឃើញថាសេដ្ឋកិច្ចរបស់កម្ពុជាកំពុងចូលដល់ដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ជាមួយនឹងកំណើនយ៉ាងឆាប់រហ័សនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងមនុស្សម្នាក់ ទីផ្សារមូលបត្ររបស់កម្ពុជានឹងនាំមកនូវរលកដំបូងនៃការចុះបញ្ជីលក់មូលបត្រ»។

លោកក៏បានសង្កត់ធ្ងន់ថា «ក្នុងនាមជាអ្នកផ្សព្វផ្សាយដ៏សំខាន់មួយនៃទីផ្សារមូលបត្ររបស់កម្ពុជា ក្រុមហ៊ុនមូលបានខិតខំប្រឹងប្រែងលើកកម្ពស់ការអភិវឌ្ឍទីផ្សារមូលបត្រ។ បច្ចុប្បន្ន ទីផ្សារមូលបត្ររបស់កម្ពុជាផ្តល់ជូននូវកម្រិតចុះបញ្ជីទាប ដំណើរការលឿន ថ្លៃដើមទាប និងការគៀរគមូលធនថវិកាងាយស្រួល។ យើងលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យមទាំងអស់ឱ្យរៀបចំផែនការចុះបញ្ជីរបស់ពួកគេនៅកម្ពុជាឱ្យបានឆាប់រហ័ស និងចាប់យកឱកាសដែលផ្តល់ដោយទីផ្សារមូលបត្រ»។
