សេចក្តីថ្លែងការណ៍រួម រវាងនិយ័តករមូលបត្រកម្ពុជា និងនិយ័តករទូរគមនាគមន៍កម្ពុជា

នាពេលកន្លងមកនេះ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានពិនិត្យឃើញថាមានការផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្មពាក់ព័ន្ធនឹងមូលបត្រ ដែលគ្មានអាជ្ញាបណ្ណ ឬការអនុញ្ញាតពី ន.ម.ក. តាមមធ្យោបាយទូរគមនាគមន៍ផ្សេងៗដូចជា គេហទំព័រ បណ្ដាញទំនាក់ទំនងសង្គម និងមធ្យោបាយទំនាក់ទំនងផ្សេងទៀត ក្នុងគោលបំណងទាក់ទាញសាធារណជនឱ្យដាក់ប្រាក់វិនិយោគ ឬធ្វើប្រតិបត្តិការជួញដូរដែលខុសច្បាប់ ដែលនាំឱ្យខាតបង់ថវិកា និងទ្រព្យសម្បតិ្ត។
13 កញ្ញា 2024 by
សេចក្តីថ្លែងការណ៍រួម រវាងនិយ័តករមូលបត្រកម្ពុជា និងនិយ័តករទូរគមនាគមន៍កម្ពុជា
Administrator

គេហទំព័រ ឬបណ្តាញទំនាក់ទំនងសង្គមមួយចំនួនមានប្រភពនៅក្រៅប្រទេសដែលធ្វើឱ្យ ន.ម.ក. ពិបាកនឹងគ្រប់គ្រង ចំណែកគេហទំព័រ ឬមធ្យោបាយទូរគមនាគមន៍មួយចំនួនទៀត ត្រូវបានបង្កើតឡើងដោយក្លែងបន្លំ តាមរយៈការប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ថ្នាក់ដឹកនាំស្ថាប័ន ឬក្រុមហ៊ុនផ្សេងៗដែលមានអាជ្ញាបណ្ណ ឬការអនុញ្ញាត ដើម្បីទាក់ទាញសាធារណជនឱ្យដាក់ប្រាក់វិនិយោគ ឬធ្វើប្រតិបត្តិការជាមួយ ទោះបីជាមានវិធានការ និងចំណាត់ការផ្លូវច្បាប់ជាច្រើនត្រូវបានធ្វើឡើងដោយអាជ្ញាធរមានសមត្ថកិច្ចក៏ដោយ។ សកម្មភាពទាំងនេះ បានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំជាមួយក្រុមហ៊ុនមានអាជ្ញាបណ្ណ ឬការអនុញ្ញាតត្រឹមត្រូវ ប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំស្ថាប័ន បង្កការរំខានដល់បរិយាកាសវិនិយោគនៅកម្ពុជា និងប៉ះពាល់ដល់ជំនឿទុកចិត្តរបស់វិនិយោគិនក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងន័យនេះ ន.ម.ក. និង ន.ទ.ក. នឹងសហការគ្នាយ៉ាងជិតស្និទ្ធលើការចាត់វិធានការបិទខ្ទប់គេហទំព័រ មាតិកានៅក្នុងបណ្ដាញទំនាក់ទំនងសង្គម និងមាតិកាផ្សព្វផ្សាយលើមធ្យោបាយទូរគមនាគមន៍ផ្សេងៗ ដែលធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងមូលបត្រដោយគ្មានអាជ្ញាបណ្ណ ឬការអនុញ្ញាតពី ន.ម.ក. សំដៅរួមគ្នាបង្ការ និងទប់ស្កាត់ តាមយន្តការច្បាប់ ដែលមានជាធរមាន។ ជាមួយគ្នានេះ សាធារណជនអាចស្វែងរកបញ្ជីបច្ចុប្បន្នភាពនៃក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពី ន.ម.ក. រួមទំាងគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនទាំងនេះ តាមរយៈគេហទំព័ររបស់ ន.ម.ក. www.serc.gov.kh ឬតាមរយៈ QR Code ខាងក្រោម។www.serc.gov.kh or via the QR Code below.

ន.ម.ក. និង ន.ទ.ក. សូមក្រើនរំលឹក និងអំពាវនាវដល់សាធារណជនទាំងអស់មេត្តាមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះការធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងមូលបត្រជាមួយគេហទំព័រ បណ្តាញទំនាក់ទំនងសង្គម និងមធ្យោបាយ ទូរគមនាគមន៍ផ្សេងទៀត ដែលផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្មពាក់ព័ន្ធនឹងមូលបត្រ ដែលគ្មានអាជ្ញាបណ្ណ ឬការអនុញ្ញាតពី ន.ម.ក.។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់អនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍នេះ ឱ្យបានខ្ជាប់ខ្ជួន។


https://www.facebook.com/share/p/EJVzxh8i3enuBF23/?mibextid=oFDknk

* *** *

☑️To receive the latest updates and information related to the securities sector, please visit the following links:

SECC’s Social Media:

🌐 Website (https://www.serc.gov.kh/english/) 

🌐 Telegram (https://t.me/sercambodia) 

🌐 Facebook (https://www.facebook.com/serc.gov.kh) 

🌐 Twitte (https://x.com/sercambodia) or (https://twitter.com/mptcgovkh) 

🌐 LinkedIn (https://www.linkedin.com/company/sercambodia/)

🌐 YouTube (https://www.youtube.com/@sercambodia)

 

ចែករំលែកការបង្ហោះនេះ
ធែក
Archive