Skip to Content

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និង ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការជម្រុញការវិវឌ្ឍន៏នៃទីផ្សារមូលបត្រកម្ពុជា បង្កើនបរិមាណនៃការជួញដូរមូលបត្រក្នុងឆ្នាំ ២០២៣ និងសហការគ្នាក្នុងការទាក់ទាញវិនិយោគិនបរទេស ក៏ដូចជាជម្រុញការបោះផ្សាយ និងចុះបញ្ជីលក់មូលបត្រកម្មសិទ្ធ និងសញ្ញាណបណ្ណជាសាធារណៈរបស់ ក្រុមហ៊ុន/សហគ្រាសក្នុងស្រុក
15 ធ្នូ 2022 by
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និង ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
Cambodia Securities Plc

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ក្រោមការគាំទ្រពីផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និងក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនមូលបត្រទាំងពីរដែលកំពុងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកស្ទួយទីផ្សារហិរញ្ញវត្ថុក្នុងស្រុក និងទាក់ទាញបន្ថែមនូវវិនិយោគិនមកពីក្រៅប្រទេសផងដែរ។

យោងតាមប្រសាសន៏ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា ទំហំនៃការជួញដូរប្រចាំថ្ងៃជាមធ្យមក្នុងផ្សារមូលបត្រកម្ពុជាបានកើនឡើងគួរឲកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានកើនឡើងរហូតដល់ ៥០០.០០០ ដុល្លារអាមេរិក ជាមធ្យមជាប្រចាំថ្ងៃ។ ក៏ប៉ុន្តែតួលេខនេះនៅមានចំនួនទាបនៅឡើយ បើប្រៀបធៀបទៅនឹងទីផ្សារមូលបត្រនៃប្រទេសជិតខាងក្នុងតំបន់ ដូចជា ប្រទេស វៀតណាម និងថៃ។

យ៉ាងណាមិញ ឯកឧត្តមប្រតិភូ នៅតែមានភាពជឿជាក់យ៉ាងមុតមាំថា ទំហំនៃការជួញដូរជាប្រចាំថ្ងៃ ជាមធ្យមក្នុងផ្សារមូលបត្រកម្ពុជានឹងកើនឡើងដល់ ១ លាន ដុល្លារអាមេរិកក្នុងពេលឆាប់ៗខាងមុខនេះ។ ជាការពិតជាក់ស្ដែង លទ្ធផលដែលរំពឹងទុកនេះគឺ ត្រូវមានការចូលរួមគាំទ្រ ពីសមាជិកផ្សារមូលបត្រកម្ពុជាទាំងអស់ ហើយការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និងក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី គឺជាឧទាហរណ៏ និងជាការចាប់ផ្ដើមមួយដ៏ល្អប្រសើរសម្រាប់ឆ្នាំ ២០២៣ ខាងមុខ។

យោងទៅតាមប្រសាសន៏របស់ លោក Pan Chu Yun ប្រធានចាត់ការទូទៅនៃក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានឲ្យដឹងថា ក្នុងនាមជាសមាជិកមួយនៃផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក មានកាតព្វកិច្ចក្នុងការចូលរួមចំណែកលើកស្ទួយ និងជម្រុញឲ្យមានការអភិវឌ្ឍន៏ក្នុងទីផ្សារមូលបត្រកម្ពុជា។ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក មានក្រុមការងារដែលមានវិជ្ជាជីវៈខ្ពស់ និងមានបទពិសោធន៏ជាច្រើនឆ្នាំក្នុងវិស័យមូលបត្រទាំងក្នុង និងក្រៅប្រទេស រួមមាន ហុងកុង តៃវ៉ាន់ សាំងហ្គាពួរ រួមទាំង ព្រះរាជាណាចក្រកម្ពុជាផងដែរ។

ដោយឡែក ចំពោះលោក Pan Chu Yun ផ្ទាល់ លោកក៏មានបទពិសោធន៏ជាង ២០ ឆ្នាំ ក្នុងវិស័យមូលបត្រ រួមមាន ការធានាទិញ ការវិនិយោគ ការគ្រប់គ្រងទ្រព្យ ពី សហរដ្ឋអាមេរិក ហុងកុង និង តៃវ៉ាន់ ហើយលោក ក៍ជាអ្នកគ្រប់គ្រងមូលនិធិ សម្រាប់មូលនិធិសាជីវកម្មដែលបង្កើតឡើងរួមគ្នា ដោយធនាគារចិន និងរដ្ឋាភិបាលក្រុងសៀងហៃ។

លោក Pan Chun Yun បានថ្លែងទៀតថា ចាប់តាំងពីឆមាសទី ២ ឆ្នាំ២០២២ នេះ ប្រទេសជាច្រើនបានបន្ធូរបន្ថយលើវិធានការរឹតបន្តឹងជំងឺ COVID19 ហើយបានចាប់ផ្ដើមធ្វើការវិនិយោគក្នុងប្រទេសដ៏ទៃឡើងវិញ ដែលនេះវានឹងសញ្ញាណក្នុងការជម្រុញសកម្មភាពសេដ្ឋកិច្ចផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជាឡើងវិញផងដែរ។ រួមជាមួយនឹងការកើនឡើងនៃអត្រាការប្រាក់ដុល្លារអាមេរិក អាចនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ទាំងនេះបានបង្កើតនូវទស្សនវិស័យវិជ្ជមាន សម្រាប់ទីផ្សារមូលបត្រ និងវិស័យផ្សេងៗទៀត ក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។

ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក នឹងបន្តផ្តល់សេវាកម្មក្នុងវិស័យមូលបត្រ ដែលមានគុណភាពខ្ពស់ដើម្បីគាំទ្រដល់ការរីក ចម្រើននៃវិស័យផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈហិរញ្ញវត្ថុសាជីវកម្ម ការបោះផ្សាយលក់មូលបត្រជាសាធារណៈ និងការបោះផ្សាយលក់មូលបត្រជាឯកជន ការលក់ និងរំលាយក្រុមហ៊ុនបញ្ជូលគ្នា និងការគ្រប់គ្រងមូលនិធិ។ ក្រៅពីសេវាកម្មទាំងនេះ ក្រុមហ៊ុនយើងខ្ញុំក៏មានផ្តល់ជូននូវរបាយការណ៍វិភាគ និងស្រាវជ្រាវលើវិស័យសំខាន់ៗមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា របាយការណ៍ស្រាវជ្រាវមូលបត្រ និងរបាយការណ៍ទីផ្សារប្រចាំសប្តាហ៍ ដែលផ្ដល់ប្រយោជន៍ដល់វិនិយោគិនក្នុងការសម្រេចចិត្តលើការវិនិយោគរបស់ខ្លួន។ បច្ចុប្បន្ន ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក កំពុងផ្តល់ការប្រឹក្សាយោបល់ដល់ក្រុមហ៊ុនបោះផ្សាយសក្កាដានុពលមួយចំនួន ដែលមានគោលបំណងក្នុងការបោះផ្សាយ និងចុះបញ្ជីលក់មូលបត្រលក់កម្មសិទ្ធិជាសាធារណៈលើកដំបួង ក៏ដូចជា ការបោះផ្សាយ និងចុះបញ្ជីលក់មូលបត្របំណុលជាសាធារណៈផងដែរ។

លោក Darren Teng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ក៏បានប្រកាសពីពិធីបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ដែលនឹងប្រព្រឹត្តីទៅនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់វិនិយោគិនបរទេសជាច្រើនមកពីតំបន់អាស៊ី។ ជាងនេះទៅទៀត ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ក៏កំពុងតែបង្កើតមូលនិធិសម្រាប់គាំទ្រដំណាក់កាលមុនការបោះផ្សាយ (Pre-IPO) និងមូលនិធិអចលនទ្រព្យ ដើម្បីគាំទ្រដោយផ្ទាល់នូវតម្រូវការរបស់វិស័យនានានៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ក៏កំពុងធ្វើការបង្កើតមូលនិធិមួយ ដើម្បីដើរតួជាអ្នកបង្កើតទីផ្សារ (Market Maker) ឬ ជាអ្នកផ្តល់សន្ទនីយភាពដល់ក្រុមហ៊ុនដែលបានចុះកិច្ចព្រមព្រៀងធានាទិញមូលបត្រជាមួយនឹងក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ផងដែរ។

ធែក
សារពើភ័ណ្ឌ