ថ្ងៃសុក្រ ១៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ដោយមានការគាំទ្រពីផ្សារមូលបត្រកម្ពុជា និងក្រុមហ៊ុន ខេវ៉ាយ ឌីវេឡុបម៉ិន ម.ក បានរៀបចំកម្មពិធីដាក់អោយដំណើរការនូវកម្មវីធី “The Cambodia Innovation & Capital Incubation Platform” ។
ភ្ញៀវកិត្តិយសប្រមាណជាង១០០នាក់ រួមមានអ្នកតំណាងអញ្ជើញមកពីផ្សារមូលបត្រកម្ពុជា សភាពាណិជ្ជកម្មអន្តរជាតិធំៗ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនគណនេយ្យ ការិយាល័យច្បាប់ និងសារព័ត៍មាននានា បានចូលរួម និងធ្វើជាសាក្សីក្នុងឱកាសដ៏សំខាន់នេះ ដែលជាពេលវេលាដ៏ល្អសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាក្នុងការបោះផ្សាយលក់មូលបត្រជាសាធារណៈ។
លោក តឹង ចិនយៀក ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានមានប្រសាសន៍ថា ក្នុងនាមជាតួអង្គដ៏សំខាន់មួយក្នុងការជួយជំរុញទីផ្សារមូលធនរបស់កម្ពុជា ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិ រួមបញ្ចូលបទពិសោធន៍ និងភាពវៃឆ្លាត និងការខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការអភិវឌ្ឍទីផ្សារមូលធនរបស់កម្ពុជា។
កម្មវិធី“The Cambodia Innovation & Capital Incubation Platform” នេះនឺងរៀបចំឡើងនៅក្នុងអគារការិយាល័យពាណិជ្ជកម្មលំដាប់អន្តរជាតិ KY iCenter បានប្រមូលផ្តុំដោយ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ក្រុមហ៊ុនគណនេយ្យ ការិយាល័យច្បាប់ និងក្រុមហ៊ុនវិជ្ជាជីវៈផ្សេងទៀត ដើម្បីរួមគ្នាបង្កើតប្រព័ន្ធរីកចម្រើនពេញលេញសម្រាប់សហគ្រាសធុនតូច និងមធ្យម ចាប់ពីការផ្តួចផ្ដើមគំនិតរហូតដល់ការបោះផ្សាយ។
លោកក៏បានបញ្ជាក់បន្ថែមទៀតថា ចំពេលមានការរីកចំរើននៃការផ្លាស់ប្តូរទីតាំងផលិតកម្ម និងការពិចារណាពីគុណសម្បត្តិរបស់កម្ពុជា បើធៀបនឹងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត កម្ពុជាគឺជាកន្លែងដ៏សក្តិសមបំផុតសម្រាប់ក្រុមហ៊ុននានាក្នុងការបង្កើតមជ្ឈមណ្ឌលកណ្ដាលនៅអាស៊ីអាគ្នេយ៍របស់ពួកគេ។
ទីផ្សារមូលធនរបស់កម្ពុជាបច្ចុប្បន្នកំពុងឈានចូលដល់ដំណាក់កាលនៃការរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងលក្ខខណ្ឌចុះបញ្ជីងាយស្រួល រយៈពេលនៃការចុះបញ្ជីរហ័ស និងការចំណាយទាប បង្កើតឱកាសដ៏ល្អប្រសើរសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងការបោះផ្សាយលក់មុលបត្រជាសាធារណៈ។ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានលើកទឹកចិត្តឱ្យក្រុមហ៊ុនមកពីប្រទេសម៉ាឡេស៊ី ចិន ជប៉ុន និងបណ្តាប្រទេសផ្សេងទៀតមកចុះបញ្ជីលក់មូលបត្រនៅក្នុងប្រទេសកម្ពុជា។
KY iCenter របស់ក្រុមហ៊ុន ខេវ៉ាយ ឌីវេឡុបម៉ិន ម.ក មិនត្រឹមតែជាអគារ fintech ដំបូងគេនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលសម្រាប់ការបណ្តុះបណ្ដាល សហគ្រាសធុនតូច និងមធ្យម ផងដែរ។ ដោយប្រើប្រាស់គុណសម្បត្តិនៃការប្រើប្រាស់ការិយាល័យ និងបន្ទប់ការិយាល័យរួមគ្នា វាផ្តល់នូវដំណោះស្រាយដ៏ទូលំទូលាយសម្រាប់ការបង្កើត និងការលូតលាស់របស់សហគ្រាសធុនតូច និងមធ្យម។ ទាំងនោះផងដែរ KY iCenter បានក្លាយជាអគារការិយាល័យដ៏សំខាន់មួយនៅរាជធានីភ្នំពេញ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និងក្រុមហ៊ុន ខេវ៉ាយ ឌីវេឡុបម៉ិន ម.ក បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) សម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Jiujiang Group និងការិយាល័យមេធាវីសិទ្ធិស័ក្តិសម្រាប់កម្មវិធីនេះផងដែរ ។
ការិយាល័យមេធាវីសិទ្ធិស័ក្តិ គឺជាការិយាល័យមេធាវី ដែលផ្តល់សេវាកម្មផ្នែកច្បាប់ ដែលមានបទពិសោធន៍ និងសមត្ថភាពវិជ្ជាជីវៈ ក្នុងការបង្កើតក្រុមហ៊ុន ការអនុលោមភាពពាណិជ្ជកម្ម ការរៀបចំរចនាសម្ព័ន្ធវិនិយោគ និងហិរញ្ញវត្ថុ ការអនុលោមភាពតាមបទប្បញត្តិមូលបត្រ ការរៀបចំរចនាសម្ព័ន្ធសាជីវកម្ម និងនីតិវិធីចុះបញ្ជីលក់មូលបត្រ ។
សម្ព័ន្ធភាពដ៏មានឥទ្ធិពលនេះនឹងផ្តល់នូវការគាំទ្រផ្នែកច្បាប់ដ៏រឹងមាំសម្រាប់ផែនការ IPO របស់សហគ្រាសធុនតូច និងមធ្យម ដែលអាចជួយពួកគេឱ្យមានប្រសិទ្ធភាពក្នុងការកំណត់អត្តសញ្ញាណ និងកាត់បន្ថយហានិភ័យផ្នែកច្បាប់ក្នុងអំឡុងពេលដំណើរការ IPO ដោយធានាថាដំណើរការហិរញ្ញវត្ថុ និង IPO ទាំងមូលមានភាពអនុលោមតាមលំដាប់លំដោយ និងមានស្ថេរភាព។ តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយការិយាល័យមេធាវី យើងនឹងបង្កើនប្រសិទ្ធភាព និងទំនុកចិត្តរបស់សហគ្រាសធុនតូច និងមធ្យមក្នុងការចូលទីផ្សារមូលធននៅកម្ពុជា។
Jiujiang Group ដែលជាសហគ្រាសចម្រុះមកពីទីក្រុងសៀងហៃ ប្រទេសចិនមានជំនាញច្បាស់លាស់ក្នុងវិស័យដឹកជញ្ជូនឧស្សាហកម្ម បច្ចេកវិទ្យា និងថាមពល និងជីវកសិកម្ម។ Jiujiang Group បានបង្កើតតំបន់សេដ្ឋកិច្ចពិសេសសៀងហៃនៅកម្ពុជា។ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និង Jiujiang Group នឹងរួមគ្នាផ្តល់សេវាហិរញ្ញប្បទាន និងការចុះបញ្ជីលក់មូលបត្រដ៏ទូលំទូលាយសម្រាប់ក្រុមហ៊ុនចិនដែលចូលមកទីផ្សារមូលធនកម្ពុជា។
នៅពេលដែលទីផ្សារមូលធនរបស់កម្ពុជាមានការរីកចម្រើន ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក. នឹងសហការជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ក្រុមហ៊ុនគណនេយ្យ និងការិយាល័យមេធាវី ដើម្បីជំរុញទីផ្សារមូលធនកម្ពុជាឱ្យទៅជាទសវត្សរ៍មាសនៃការអភិវឌ្ឍន៍។