
ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុនម៉ិន ម.ក. (និមិត្តសញ្ញា៖ ព.ស.ហ) គឺជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធដំបូងគេនៅក្នុង ឆ្នាំ២០២៥ និងជាក្រុមហ៊ុនទី១២ ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធនៅក្នុងផ្សារមូលបត្រកម្ពុជា។
ព្រឹត្តិការណ៍នេះ គឺជាជំហានមួយដ៏សំខាន់សម្រាប់ក្រុមហ៊ុន និងជួយបង្កើនទំនុកចិត្តសម្រាប់វិនិយោគិនក្នុងការវិនិយោគនៅផ្សារមូលបត្រកម្ពុជា ក៏ដូចជា ការបង្កើតគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ និងរីកចម្រើនបន្ថែមរបស់ក្រុមហ៊ុន។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃដំណើរវិវត្តន៍របស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាពេលវេលានៃការចាប់ផ្តើមនៃទីផ្សារមូលធនកម្ពុជាឆ្ពោះទៅរកអន្តរជាតិភាវូបនីយកម្មផងដែរ។
ការចុះបញ្ជីលក់មូលបត្រដោយជោគជ័យរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុនម៉ិន ម.ក. (និមិត្តសញ្ញា៖ ព.ស.ហ) បានបង្ហាញពីភាពទាក់ទាញយ៉ាងខ្លាំងនៃទីផ្សារមូលធនរបស់ប្រទេសកម្ពុជាចំពោះវិនិយោគិនអន្តរជាតិ និងផ្តល់នូវគំរូ និងបទពិសោធន៍ដ៏មានតម្លៃសម្រាប់ក្រុមហ៊ុនដែលមានបំណងចុះបញ្ជីនៅកម្ពុជានាពេលអនាគត។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងថា៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ
«ផែនការទីផ្សារមូលបត្ររយៈពេល ១០ ឆ្នាំ ឆ្នាំ២០២៥-២០៣៥»។ ផែនការនេះស្របនឹងចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជាក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ រឹងមាំ ស្វាហាប់ និងរីកចម្រើននៅឆ្នាំ ២០៥០ និងលើកកម្ពស់ការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្រិតគោលនយោបាយ។


ឯកឧត្តម ហុង សុហួរ បានថ្លែងថា៖ ផ្សារមូលបត្រកម្ពុជា កំពុងលើកកម្ពស់ការចូលរួមរបស់សាធារណជនយ៉ាងសកម្មនៅក្នុងទីផ្សារមូលបត្រតាមរយៈការអប់រំវិនិយោគិន និងលើកទឹកចិត្តសហគ្រាសឱ្យរៀបចំផែនការចុះបញ្ជីរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្ននេះផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៦ ដោយសរុបចំនួន ៦៥៤ លានដុល្លារអាមេរិកពីទីផ្សារមូលបត្រ។ ការចុះបញ្ជីដោយជោគជ័យរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុនម៉ិន ម.ក. បង្ហាញថាទីផ្សារមូលធនរបស់ប្រទេសកម្ពុជាមានស្ថិរភាព និងមានសក្តានុពលកំណើនខ្លាំង។

លោក Darren Teng, ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានថ្លែងថា៖
«នៅឆ្នាំ ២០២៤ ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងមនុស្សម្នាក់របស់ព្រះរាជាណាចក្រកម្ពុជាបានលើសពី ២.០០០ ដុល្លារអាមេរិក នេះបានបង្ហាញអោយបានឃើញថាសេដ្ឋកិច្ចរបស់កម្ពុជាកំពុងចូលដល់ដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
ជាមួយនឹងកំណើនយ៉ាងឆាប់រហ័សនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងមនុស្សម្នាក់ ទីផ្សារមូលបត្ររបស់កម្ពុជានឹងនាំមកនូវរលកដំបូងនៃការចុះបញ្ជីលក់មូលបត្រ»។

លោកក៏បានសង្កត់ធ្ងន់ថា «ក្នុងនាមជាអ្នកផ្សព្វផ្សាយដ៏សំខាន់មួយនៃទីផ្សារមូលបត្ររបស់កម្ពុជា ក្រុមហ៊ុនមូលបានខិតខំប្រឹងប្រែងលើកកម្ពស់ការអភិវឌ្ឍទីផ្សារមូលបត្រ។ បច្ចុប្បន្ន ទីផ្សារមូលបត្ររបស់កម្ពុជាផ្តល់ជូននូវកម្រិតចុះបញ្ជីទាប ដំណើរការលឿន ថ្លៃដើមទាប និងការគៀរគមូលធនថវិកាងាយស្រួល។ យើងលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យមទាំងអស់ឱ្យរៀបចំផែនការចុះបញ្ជីរបស់ពួកគេនៅកម្ពុជាឱ្យបានឆាប់រហ័ស និងចាប់យកឱកាសដែលផ្តល់ដោយទីផ្សារមូលបត្រ»។

