Market: កំពុងបើក | ១១ កុម្ភៈ ២០២៦ | ៩:០៦:០៦ ព្រឹក
Market: កំពុងបើក | ១១ កុម្ភៈ ២០២៦ | ៩:០៦:០៦ ព្រឹក
Skip to Content

សេចក្តីប្រកាសកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រយ៉ាងពេញលេញ រវាងក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និង តំបន់សេដ្ឋកិច្ចពិសេស កម្ពុជាសៀងហៃ ក្នុងគោលបំណងបង្កើតតំបន់គំរូឆ្នើម ក្នុងការជំរុញកំណើនឧស្សាហកម្មតាមរយៈសក្ដានុពលនៃទីផ្សារមូលបត្រ

11 កុម្ភៈ 2026 ដោយ
សេចក្តីប្រកាសកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រយ៉ាងពេញលេញ រវាងក្រុមហ៊ុន 
ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និង តំបន់សេដ្ឋកិច្ចពិសេស កម្ពុជាសៀងហៃ ក្នុងគោលបំណងបង្កើតតំបន់គំរូឆ្នើម ក្នុងការជំរុញកំណើនឧស្សាហកម្មតាមរយៈសក្ដានុពលនៃទីផ្សារមូលបត្រ
Cambodi Securities Plc.


[រាជធានីភ្នំពេញ ថ្ងៃ សុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦] – ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និង តំបន់សេដ្ឋកិច្ចពិសេស កម្ពុជាសៀងហៃ បានរៀបចំ "ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងគ្នានិងគ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រយ៉ាងពេញលេញ ក្នុងគោលបំណងជំរុញសក្តានុពលឧស្សាហកម្មតាមរយៈសក្ដានុពលទីផ្សារមូលបត្រ" នៅផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា។ ភាគីទាំងពីរបានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

កិច្ចសហប្រតិបត្តិការនេះនឹងផ្ដោតលើការសម្របសម្រួលជាប្រព័ន្ធលើសេវាកម្មទីផ្សារមូលបត្រ ការបណ្ដុះបណ្ដាលសហគ្រាសត្រៀមចុះបញ្ជី និងការគាំទ្រផ្នែកហិរញ្ញប្បទាន។ កិច្ចខិតខំប្រឹងប្រែងនេះមានគោលបំណងជំរុញតំបន់សេដ្ឋកិច្ចពិសេស និងសហគ្រាសក្នុងតំបន់ឱ្យមានការអភិវឌ្ឍតាមបទដ្ឋានស្តង់ដារ តម្លាភាព និងយន្តការទីផ្សារ ដើម្បីបង្កើតជាវេទិកាគំរូក្នុងការប្រើប្រាស់ទីផ្សារមូលបត្រសម្រាប់គាំទ្រដល់ការប្រមូលផ្តុំឧស្សាហកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់។

កិច្ចសហប្រតិបត្តិការនេះ គឺជាសមិទ្ធផលដ៏សំខាន់ក្នុងការផ្សារភ្ជាប់ក្របខ័ណ្ឌទីផ្សារមូលបត្រទៅនឹងសេដ្ឋកិច្ចពិត ដើម្បីជំរុញការធ្វើទំនើបកម្មឧស្សាហកម្ម។ វាក៏ផ្តល់នូវគំរូគោលសម្រាប់តំបន់សេដ្ឋកិច្ចពិសេសផ្សេងទៀត តាមរយៈមាគ៌ាអភិវឌ្ឍន៍ "ការធ្វើសមាហរណកម្មឧស្សាហកម្ម - អភិបាលកិច្ចតាមបទដ្ឋាន - និងការផ្សារភ្ជាប់ជាមួយប្រភពហិរញ្ញប្បទាន"។

ការថ្លែងសារដ៏មានសារៈសំខាន់ពីផ្សារមូលបត្រកម្ពុជា៖ ទីផ្សារមូលបត្រជំរុញកំណើនដល់ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ

[សកម្មភាពក្នុងកម្មវិធី]ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបើកកម្មវិធី ដោយឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ និងការរួមចំណែកយ៉ាងឆ្នើមរបស់ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ក្នុងការអភិវឌ្ឍន៍ទីផ្សារមូលបត្រ។ ឯកឧត្តមបានបញ្ជាក់ថា ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក តែងតែដើរតួនាទីជាសសរស្តម្ភដ៏សំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ដែលមិនត្រឹមតែជាក្រុមហ៊ុនមូលបត្រប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នកនាំផ្លូវប្រកបដោយវិជ្ជាជីវៈក្នុងការជំរុញកំណើនសហគ្រាស។

ទន្ទឹមនឹងនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងក្រុមហ៊ុន 
ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និង តំបន់សេដ្ឋកិច្ចពិសេស កម្ពុជាសៀងហៃ បង្ហាញពីជំនឿចិត្តយ៉ាងមុតមាំចំពោះការអភិវឌ្ឍន៍ទីផ្សារមូលបត្រកម្ពុជា ហើយផ្សារមូលបត្រកម្ពុជានឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង។

ឯកឧត្តម ប្រតិភូ បានលើកឡើងថា ទីផ្សារមូលបត្រមិនត្រឹមតែជាវេទិកាដ៏សំខាន់សម្រាប់កៀរគរទុនរបស់សហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាយន្តការគន្លឹះក្នុងការជំរុញអភិបាលកិច្ចសាជីវកម្មឱ្យមានភាពទំនើប បង្កើនសមត្ថភាពប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម និងសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពរយៈពេលវែង។

ឯកឧត្តមបានកត់សម្គាល់ថា ទីផ្សារមូលបត្រកម្ពុជា "នៅក្មេងខ្ចី ប៉ុន្តែពោរពេញដោយសក្តានុពល"។ ផ្សារមូលបត្រកម្ពុជានឹងបន្តធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធចុះបញ្ជី និងប្រព័ន្ធបង្ហាញព័ត៌មាន ព្រមទាំងសកម្មក្នុងការណែនាំ និងគាំទ្រដល់សហគ្រាសដែលមានសក្តានុពល និងមានមូលដ្ឋានអភិបាលកិច្ចល្អ ឱ្យចូលមកក្នុងទីផ្សារមូលបត្រ ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍តាមបទដ្ឋានស្តង់ដារ និងកំណើនប្រកបដោយចីរភាពតាមរយៈការចុះបញ្ជីលក់មូលបត្រ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ខណៈពេលដែលសេដ្ឋកិច្ចកម្ពុជានៅតែបន្តរីកចម្រើន និងឈានទៅរកដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ប្រទេសជាតិកំពុងផ្លាស់ប្តូរពីគំរូអភិវឌ្ឍន៍ដែលពឹងផ្អែកលើកត្តាផលិតកម្មបែបប្រពៃណី ទៅជាគំរូអភិវឌ្ឍន៍ដែលផ្តល់សារៈសំខាន់លើក្របខ័ណ្ឌស្ថាប័ន និងការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធ។ ក្នុងដំណើរការនេះ ទីផ្សារមូលបត្រកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការបែងចែកធនធានឱ្យមានប្រសិទ្ធភាព ការជំរុញការធ្វើទំនើបកម្មឧស្សាហកម្ម និងការលើកកម្ពស់កម្រិតអភិបាលកិច្ចសហគ្រាស។

ទីផ្សារមូលបត្រកម្ពុជាឈានចូលដល់ "ទសវត្សរ៍មាស" សក្តានុពលសម្រាប់ការចុះបញ្ជីលក់មូលបត្ររបស់សហគ្រាសកំពុងកើនឡើងយ៉ាងឆាប់រហ័ស៖

[វគ្គចែករំលែកយុទ្ធសាស្ត្រ] – ក្នុងអំឡុងពេលនៃកម្មវិធីនេះ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក, ផ្សារមូលបត្រកម្ពុជា និងតំបន់សេដ្ឋកិច្ចពិសេស កម្ពុជាសៀងហៃ បានធ្វើការចែករំលែកជាប្រព័ន្ធនូវប្រធានបទស្តីពី និន្នាការអភិវឌ្ឍន៍នៃទីផ្សារមូលបត្រកម្ពុជា មាគ៌ានៃការចុះបញ្ជី និងការរៀបចំផែនការយុទ្ធសាស្ត្រហិរញ្ញប្បទានព្រមទាំងនីតិវិធីនៃការចុះបញ្ជីលក់មូលបត្រជាសាធារណៈ ដើម្បីផ្តល់ជាសេចក្តីណែនាំជាក់ស្តែង និងច្បាស់លាស់សម្រាប់សហគ្រាសនានា។

លោក Darren Teng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០២៦ នេះតទៅ សេដ្ឋកិច្ចកម្ពុជាបានឈានចូលដល់ដំណាក់កាលគន្លឹះនៃការផ្លាស់ប្តូរ និងការធ្វើទំនើបកម្មជាផ្លូវការ។ ទន្ទឹមនឹងការបន្តធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធឧស្សាហកម្ម និងការរីកចម្រើនយ៉ាងរហ័សនៃវិស័យកម្មន្តសាល និងសេវាកម្មទំនើប តម្រូវការលើអនុលោមភាពនៃប្រតិបត្តិការអាជីវកម្ម អភិបាលកិច្ចផ្ទៃក្នុង និងតម្លាភាពហិរញ្ញវត្ថុរបស់សហគ្រាស ក៏ត្រូវបានដំឡើងកម្រិតកាន់តែខ្ពស់ផងដែរ។

ក្នុងបរិបទដែលប្រព័ន្ធពន្ធដារត្រូវបានធ្វើឱ្យមានលក្ខណៈស្តង់ដារជាលំដាប់ និងបទប្បញ្ញត្តិទីផ្សារមូលបត្រត្រូវបានបំពេញឱ្យកាន់តែពេញលេញ សហគ្រាសធុនតូច និងមធ្យម កាន់តែច្រើនឡើង មានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការសម្រេចបាននូវការអភិវឌ្ឍតាមបទដ្ឋានស្តង់ដារ និងពង្រីកបណ្តាញហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រ។ ទីផ្សារមូលបត្រកម្ពុជាផ្តល់ក្តីរំពឹងថានឹងទទួលស្វាគមន៍ "ទសវត្សរ៍មាស" នៃការអភិវឌ្ឍន៍ ដែលក្នុងនោះ ការចុះបញ្ជីលក់មូលបត្រជាសាធារណៈ កំពុងក្លាយជាមាគ៌ាដ៏សំខាន់សម្រាប់សហគ្រាសក្នុងការចូលរួមក្នុង ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ និងការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។

សហគ្រាសគួរតែយកចិត្តទុកដាក់ខ្ពស់ចំពោះសក្តានុពលទ្វេរដងនៃការផ្លាស់ប្តូរសេដ្ឋកិច្ច និងការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា ដោយជំរុញការកសាងអនុលោមភាព និងផែនការចុះបញ្ជីឱ្យបានឆាប់រហ័ស ព្រមទាំងរៀបចំរចនាសម្ព័ន្ធចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីប្រើប្រាស់ទីផ្សារមូលបត្រជាយានក្នុងការលើកកម្ពស់សមត្ថភាពអភិបាលកិច្ច បើកច្រកនិងជំរុញហិរញ្ញប្បទាន និងបង្កើនតម្លៃសហគ្រាសក្នុងរយៈពេលវែង។

កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការធ្វើមូលធននីយកម្មតំបន់សេដ្ឋកិច្ចពិសេស ការរៀបចំផែនការឆ្ពោះទៅរកគោលដៅចុះបញ្ជីលក់មូលបត្រជាសាធារណៈក្នុងឆ្នាំ ២០២៨៖

យោងតាមអនុស្សរណៈនៃការយោគយល់រវាងគ្នា      ស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនេះ 
ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក នឹងដើរតួជាទីប្រឹក្សាវិនិយោគ ដើម្បីផ្តល់សេវាកម្មប្រឹក្សាយោបល់ទីផ្សារមូលបត្រ និងការបណ្តុះបណ្តាលរៀបចំការចុះបញ្ជីជាប្រព័ន្ធ ជូនដល់ តំបន់សេដ្ឋកិច្ចពិសេស កម្ពុជាសៀងហៃ ។ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក នឹងជួយគាំទ្រដល់តំបន់សេដ្ឋកិច្ចពិសេស ក្នុងការរៀបចំរចនាសម្ព័ន្ធអភិបាលកិច្ច ប្រតិបត្តិការតាមបទដ្ឋានស្តង់ដារ ការបង្ហាញព័ត៌មាន និងការរៀបចំផែនការទុន ដើម្បីឱ្យស្របតាមតម្រូវការនៃទីផ្សារមូលបត្រ។ តំបន់សេដ្ឋកិច្ចពិសេស កម្ពុជាសៀងហៃ កំពុងមានគម្រោង ចុះបញ្ជីលក់មូលបត្រជាសាធារណៈនៅផ្សារមូលបត្រកម្ពុជាក្នុងឆ្នាំ ២០២៨។

ភាគីទាំងពីរបានបញ្ជាក់ថា តាមរយៈការចូលរួមយ៉ាងស៊ីជម្រៅពីស្ថាប័នមូលបត្រជំនាញ ក្នុងការរៀបចំផែនការហិរញ្ញប្បទានជារួមសម្រាប់តំបន់សេដ្ឋកិច្ចពិសេស នឹងជួយជំរុញឱ្យតំបន់សេដ្ឋកិច្ចពិសេសសម្រេចបាននូវការអភិវឌ្ឍន៍តាមបទដ្ឋានស្តង់ដារ តម្លាភាព និងយន្តការទីផ្សារ ដើម្បីបង្កើតជាវេទិកាគំរូក្នុងការប្រើប្រាស់ទីផ្សារមូលបត្រ សម្រាប់គាំទ្រដល់ការប្រមូលផ្តុំឧស្សាហកម្ម និងការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់។

ការជំរុញកំណើនហិរញ្ញប្បទានដល់វិស័យឧស្សាហកម្ម ការបង្កើតតំបន់គំរូដ៏ល្អបំផុតសម្រាប់ការអភិវឌ្ឍន៍សហគ្រាស៖

ក្នុងបរិបទនៃការផ្លាស់ប្តូរសេដ្ឋកិច្ច និងការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មរបស់កម្ពុជា ទីផ្សារមូលបត្រកំពុងក្លាយជាផ្នែកដ៏សំខាន់សម្រាប់សហគ្រាសក្នុងការសម្រេចបាននូវការអភិវឌ្ឍន៍តាមបទដ្ឋានស្តង់ដារ បង្កើនសមត្ថភាពទប់ទល់នឹងហានិភ័យ និងជំរុញកំណើនតម្លៃរយៈពេលវែង។ តាមរយៈការផ្តល់ថាមពលទុនដល់ការអភិវឌ្ឍនន៍វិស័យឧស្សាហកម្ម វានឹងជួយឱ្យសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសម្រេចបាននូវនិរន្តរភាពនៃប្រតិបត្តិការអាជីវកម្ម និងកំណើនប្រកបដោយគុណភាពខ្ពស់។

ក្រៅពីផែនការចុះបញ្ជីជារួមរបស់ តំបន់សេដ្ឋកិច្ចពិសេស កម្ពុជាសៀងហៃ និងស្ថិតក្រោមបុរេលក្ខខណ្ឌនៃអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក នឹងផ្តល់សេវាកម្មប្រឹក្សាយោបល់ផ្នែកហិរញ្ញប្បទាន ការរៀបចំផែនការឆ្ពោះទៅរកការចុះបញ្ជីលក់មូលបត្រជាសាធារណៈ និងការបណ្តុះបណ្តាលពាក់ព័ន្ធនឹងទីផ្សារមូលបត្រ ជូនដល់សហគ្រាសនានានៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ សេវាកម្មទាំងនេះមានគោលបំណងជួយសហគ្រាសក្នុងការកែលម្អប្រព័ន្ធអភិបាលកិច្ចផ្ទៃក្នុង លើកកម្ពស់កម្រិតអនុលោមភាពនៃប្រតិបត្តិការអាជីវកម្ម និងពង្រឹងសមត្ថភាពក្នុងការផ្សារភ្ជាប់ជាមួយទីផ្សារមូលបត្រ។

អ្វីដែលកាន់តែសំខាន់នោះគឺ ការជួយដល់សហគ្រាសចាប់តាំងពីដំណាក់កាលដំបូងនៃការចូលមកកាន់ប្រទេសកម្ពុជា ក្រោមការណែនាំរបស់ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ដើម្បីរៀបចំផែនការរចនាសម្ព័ន្ធភាគហ៊ុន និងផែនការពាក់ព័ន្ធផ្សេងៗឱ្យបានល្អប្រសើរ ដើម្បីអាចផ្សារភ្ជាប់ជាមួយទីផ្សារមូលបត្រតាមបែបបទ "រហ័ស និងមានប្រសិទ្ធភាព" ព្រមទាំងកាត់បន្ថយថ្លៃដើមហិរញ្ញប្បទានរបស់សហគ្រាស។

ការប្តេជ្ញាចិត្តរបស់តំបន់សេដ្ឋកិច្ចពិសេស៖ ជំរុញការប្រមូលផ្តុំឧស្សាហកម្មប្រកបដោយគុណភាពខ្ពស់ តាមរយៈបទដ្ឋានស្តង់ដារ និងការធ្វើមូលធននីយកម្ម

លោក Jiang Weibing អគ្គនាយកនៃតំបន់សេដ្ឋកិច្ចពិសេស កម្ពុជាសៀងហៃ បានមានប្រសាសន៍ថា 
តំបន់សេដ្ឋកិច្ចពិសេស កម្ពុជាសៀងហៃ នឹងកំណត់យកការប្រមូលផ្តុំឧស្សាហកម្ម និងការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ជាគោលដៅ ដោយបន្តលើកកម្ពស់ប្រព័ន្ធអភិបាលកិច្ច និងការគ្រប់គ្រងអនុលោមភាពនៅក្នុងតំបន់។ ក្រោមការគាំទ្រប្រកបដោយវិជ្ជាជីវៈពីក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក តំបន់សេដ្ឋកិច្ចពិសេសនឹងរៀបចំផែនការយុទ្ធសាស្ត្រហិរញ្ញប្បទាន និងការងារត្រៀមលក្ខណៈចុះបញ្ជីជាប្រព័ន្ធ។ ទន្ទឹមនឹងនេះ នឹងជំរុញឱ្យសហគ្រាសនៅក្នុងតំបន់ធ្វើការផ្ទៀងផ្ទាត់តាមស្តង់ដារទីផ្សារមូលបត្រ លើផ្នែកអភិបាលកិច្ចក្រុមហ៊ុន ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង បទដ្ឋានហិរញ្ញវត្ថុនិងពន្ធដារ ព្រមទាំងការបង្ហាញព័ត៌មាន ដើម្បីពង្រឹងសមត្ថភាពហិរញ្ញប្បទាន និងសមត្ថភាពប្រតិបត្តិការអាជីវកម្មប្រកបដោយចីរភាព។

ក្នុងពេលអនាគត ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និង តំបន់សេដ្ឋកិច្ចពិសេស កម្ពុជាសៀងហៃ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើមូលដ្ឋាននៃអនុលោមភាពតាមច្បាប់ ដើម្បីរួមគ្នាបង្កើតតំបន់គំរូដ៏ល្អបំផុតសម្រាប់ការជំរុញកំណើនហិរញ្ញប្បទានដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ជំរុញសហគ្រាសដែលមានសក្តានុពលកាន់តែច្រើនឱ្យសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់តាមរយៈទីផ្សារមូលបត្រ និងបញ្ចូលថាមពលថ្មីសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព។



CALL CENTER (8/6)


មតិយោបល់ឬសំណួរណាមួយ?

+855 (0) 23 997 888
  services@cambodiasecurities.com.k

Archive
ការដាក់អោយដំណើរការកម្មវិធី “The Cambodia Innovation & Capital Incubation Platform” ជាពេលវេលាសំខាន់សម្រាប់សហគ្រាសធុនតូច និងមធ្យម ចេញជាសាធារណៈ!