Market: កំពុងបើក | ៣ កញ្ញា ២០២៦ | ៨:៥៥:១០ ព្រឹក
Skip to Content

ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានរៀបចំកម្មវិធី Roadshow សម្រាប់វិនិយោគិនជនជាតិចិនដែលមានសក្តានុពល ស្តីពី IPO របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដែលនឹងក្លាយជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រទី១៣ ព្រមទាំងបន្តពង្រឹងការតភ្ជាប់រវាងទីផ្សារមូលធនកម្ពុជា និងវិនិយោគិនអន្តរជាតិ

នាថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានរៀបចំដោយជោគជ័យនូវកម្មវិធី Roadshow សម្រាប់វិនិយោគិនជនជាតិចិនដែលមានសក្តានុពល ស្តីពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដែលនឹងក្លាយជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រទី១៣ របស់កម្ពុជា នៅ ផ្សារមូលបត្រកម្ពុជា ។ កម្មវិធីនេះមានសារៈសំខាន់ក្នុងការបន្តជំរុញអន្តរជាតូបនីយកម្មនៃទីផ្សារមូលធនកម្ពុជា និងលើកកម្ពស់ការផ្លាស់ប្តូររវាងវិនិយោគិនចិន និងអន្តរជាតិ ជាមួយសហគ្រាសកម្ពុជាដែលមានសក្តានុពល។ 

លោក Bae Heungsoo អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ នៃផ្សារមូលបត្រកម្ពុជា ; លោក Teng Cheng-Yueh ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក; លោកបណ្ឌិត គីម ហ៊ាង ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក ; ព្រមទាំងថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនរូប បានអញ្ជើញចូលរួមក្នុងកម្មវិធី ដើម្បីរួមគ្នាធ្វើជាសក្ខីភាព។ ទីផ្សារមូលធនកម្ពុជាកាន់តែទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិនិងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ។

ក្នុងនាមជាភ្នាក់ងារចែកចាយលក់មូលបត្រ សម្រាប់ការបោះផ្សាយនេះ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានប្រើប្រាស់បណ្តាញវិនិយោគិនចិន និងអន្តរជាតិដែលកំពុងពង្រីក សមត្ថភាពផ្តល់សេវាទីផ្សារមូលធនប្រកបដោយវិជ្ជាជីវៈ និងសមត្ថភាពក្នុងការរួមបញ្ចូលមូលធនអន្តរជាតិ ដើម្បីរៀបចំកម្មវិធីនេះជូនវិនិយោគិនជនជាតិចិនដែលមានសក្តានុពល។ កម្មវិធីនេះបានផ្តល់វេទិកាទំនាក់ទំនងដោយផ្ទាល់ និងប្រកបដោយវិជ្ជាជីវៈ សម្រាប់វិនិយោគិនចិន និងអន្តរជាតិ ក្នុងការយល់ដឹងកាន់តែស៊ីជម្រៅអំពីក្រុមហ៊ុនបោះផ្សាយនេះ និងទីផ្សារមូលធនកម្ពុជា ព្រមទាំងផ្តល់សេវាពាក់ព័ន្ធសម្រាប់ការចូលរួមទិញIPOនិងការបើកគណនីមូលបត្រ។

ទីផ្សារមូលធនជួយជំរុញការរីកចម្រើនរបស់សហគ្រាស បង្កើតឱកាសថ្មីសម្រាប់វិនិយោគិនចិន

លោក Bae Heungsoo អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃផ្សារមូលបត្រកម្ពុជា  បានមានប្រសាសន៍ថា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក វិនិយោគិន និងសហគ្រាសចិនបានបន្តយកចិត្តទុកដាក់ និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ខណៈសេដ្ឋកិច្ច និងទីផ្សារមូលធនកម្ពុជាបន្តអភិវឌ្ឍ វិនិយោគិនចិន និងវិនិយោគិនអន្តរជាតិផ្សេងទៀត នឹងមានតួនាទីកាន់តែសំខាន់នៅក្នុងទីផ្សារមូលធនកម្ពុជា។

លោកបានបញ្ជាក់ថា ផ្សារមូលបត្រកម្ពុជា  ស្វាគមន៍វិនិយោគិនអន្តរជាតិ រួមទាំងវិនិយោគិនចិន ឱ្យបន្តស្វែងយល់ និងចូលរួមក្នុងទីផ្សារមូលធនកម្ពុជា ហើយនឹងបន្តគាំទ្រសហគ្រាសដែលមានគុណភាពក្នុងការចូលទៅកាន់ទីផ្សារមូលធន ព្រមទាំងពង្រឹងការតភ្ជាប់រវាងទីផ្សារ និងវិនិយោគិនអន្តរជាតិ។

ពីការចាប់ផ្តើមអាជីវកម្មទៅកាន់ IPO ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ឈានចូលដំណាក់កាលថ្មីនៃទីផ្សារមូលធន

នៅក្នុងសុន្ទរកថារបស់ខ្លួន លោកបណ្ឌិត គីម​ ហ៊ាង ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក  បានរំលឹកពីដំណើរអាជីវកម្មរបស់លោកចាប់តាំងពីឆ្នាំ២០០១។ ក្នុងរយៈពេលជាងពីរទសវត្សរ៍ លោកបានចាប់ផ្តើមពីអាជីវកម្មអចលនទ្រព្យ ការវាយតម្លៃអចលនទ្រព្យ ការគ្រប់គ្រងអចលនទ្រព្យ និងការវិនិយោគអចលនទ្រព្យ រហូតឈានចូលវិស័យអភិវឌ្ឍអចលនទ្រព្យ និងជំរុញគម្រោង បុរី វិមានសំណាង ឱ្យឈានចូលទីផ្សារមូលធន។ សម្រាប់លោក IPO លើកនេះ មិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់មួយក្នុងដំណើរអាជីវកម្មជាងពីរទសវត្សរ៍របស់លោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការសម្រេចបាននូវក្តីស្រមៃរយៈពេលវែងរបស់លោក ក្នុងការនាំសហគ្រាសឱ្យចូលទៅក្នុងទីផ្សារមូលធនផងដែរ។

ចាប់ពីការចាប់ផ្តើមអាជីវកម្ម ឈានទៅកាន់ទីផ្សារមូលធន និងបន្តឆ្ពោះទៅកាន់ទីផ្សារមូលធនអន្តរជាតិ ដំណើរអភិវឌ្ឍរបស់ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ក៏បានបង្ហាញពីលទ្ធភាពនៃការពង្រីកខ្លួនជាបន្តបន្ទាប់នូវការរីកចម្រើនរបស់សហគ្រាស និងលំហដើមទុន។

ក្នុងនាមជាសហគ្រាស IPO ទី១៣ របស់កម្ពុជា ការចូលទីផ្សារមូលធនរបស់ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ក៏បង្ហាញពីការឈានទៅមុខមួយជំហានទៀតរបស់សហគ្រាសអភិវឌ្ឍអចលនទ្រព្យកម្ពុជា ក្នុងការចូលទៅកាន់ទីផ្សារមូលធន។ គម្រោងស្នូលរបស់ខ្លួន ក្រុមហ៊ុន បុរី វិមានសំណាង មានទិសដៅអភិវឌ្ឍជា សហគមន៍លំនៅឋានកម្រិតខ្ពស់ និងវីឡាប្រណីត ដោយផ្តោតលើបរិស្ថានបៃតង ការរៀបចំសហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញ ដូចជា សាលារៀន ធនាគារ និងស្ថាប័នរដ្ឋ ដើម្បីបង្កើតសហគមន៍ដែលរួមបញ្ចូលទាំងគុណភាពនៃការរស់នៅ និងភាពងាយស្រួលក្នុងជីវិតប្រចាំថ្ងៃ។


នាពេលខាងមុខក្រុមហ៊ុន បុរី វិមានសំណាង ម.ក នឹងបន្តអភិវឌ្ឍ គម្រោងលំនៅឋាននៅបាវិត និងគម្រោងអាផាតមិន សំណាង​ថោន ពង្រឹងហេដ្ឋារចនាសម្ព័ន្ធរួមមានសាលារៀន មជ្ឈមណ្ឌលពាណិជ្ជកម្ម មន្ទីរពេទ្យ និងកន្លែងកម្សាន្ត ព្រមទាំងជំរុញការរួមបញ្ចូលអាជីវកម្មសេវាកម្មអចលនទ្រព្យ និងពង្រីកគម្រោងលំនៅឋានផ្សេងទៀត ដើម្បីបើកចំហសក្តានុពលកំណើនរបស់សហគ្រាសបន្ថែមទៀត។

ចំពោះការបោះផ្សាយ IPO ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ក៏មានចំណុចពិសេសមួយចំនួនផងដែរ៖ តម្លៃបោះផ្សាយ ១,២០០ រៀលក្នុងមួយភាគហ៊ុន (ប្រហែល ០.៣០ ដុល្លារអាមេរិក) ព្រមទាំងការរៀបចំភាគលាភ ៨.០% រយៈពេល ៥ ឆ្នាំ និងការបង្វិលសាច់ប្រាក់ ៥% ដែលផ្តល់ជាជម្រើសថ្មីមួយសម្រាប់វិនិយោគិនក្នុងការចូលរួមក្នុងវិស័យអចលនទ្រព្យ និងទីផ្សារមូលធនកម្ពុជា។

សម្រាប់លោកបណ្ឌិត គីម​ ហ៊ាង IPO មិនមែនជាចំណុចបញ្ចប់នោះទេ។ បន្ទាប់ពីជំរុញសហគ្រាសឱ្យចូលទៅក្នុងទីផ្សារមូលធនកម្ពុជា លោកបានបន្តបង្ហាញចក្ខុវិស័យនាពេលអនាគត ក្នុងការឈានទៅកាន់ ទីផ្សារមូលធនអន្តរជាតិ។ ចាប់ពីការចាប់ផ្តើមអាជីវកម្ម ឈានចូលទីផ្សារមូលធន និងបន្តឆ្ពោះទៅកាន់ទីផ្សារមូលធនអន្តរជាតិ ក្រុមហ៊ុន បុរី វិមានសំណាង​ ម.ក កំពុងស្វែងរកផ្លូវអភិវឌ្ឍដែលការរីកចម្រើនរបស់សហគ្រាស ការអភិវឌ្ឍគម្រោង និងលំហដើមទុន អាចពង្រីកបានជាបន្តបន្ទាប់។

ពីការគ្រប់គ្រងអាជីវកម្មធម្មតា ទៅកាន់ការគ្រប់គ្រងអាជីវកម្មបែបមូលធន បើកចំហសក្តានុពលអភិវឌ្ឍរយៈពេលវែង

លោក Teng Cheng-Yueh ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានមានប្រសាសន៍ថា បច្ចុប្បន្ន ទីផ្សារមូលធនកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍជាបន្តបន្ទាប់។ សម្រាប់សហគ្រាសដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា ទីផ្សារមូលធនមិនត្រឹមតែផ្តល់នូវប្រភពហិរញ្ញប្បទានថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកចំហលំហថ្មីសម្រាប់ការអភិវឌ្ឍរយៈពេលវែង និងការពង្រីកទៅកាន់អន្តរជាតិផងដែរ។

លោក Teng បានមានប្រសាសន៍ថា , “IPO ថ្ងៃនេះ មិនមែនគ្រាន់តែជាការបោះផ្សាយលក់ភាគហ៊ុនមួយលើកប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្លងកាត់ដ៏សំខាន់របស់សហគ្រាសដ៏មានសក្តានុពលមួយ ពី “ការគ្រប់គ្រងអាជីវកម្មធម្មតា” ទៅកាន់ “ការគ្រប់គ្រងអាជីវកម្មបែបមូលធន’”
ជាមួយនឹងការកើនឡើងនៃចំនួនសហគ្រាសចិនដែលចូលមកវិនិយោគ និងអភិវឌ្ឍអាជីវកម្មនៅកម្ពុជា សហគ្រាសអាចស្វែងរកផ្លូវអភិវឌ្ឍបន្ថែមទៀត ចាប់ពី ការវិនិយោគក្នុងវិស័យឧស្សាហកម្ម ការគ្រប់គ្រងអាជីវកម្ម រហូតដល់ការផ្តល់ហិរញ្ញប្បទានតាមទីផ្សារមូលធន និងការតភ្ជាប់ជាមួយមូលធន អន្តរជាតិ។ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ក៏នឹងប្រើប្រាស់សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនក្នុងនាមជាគ្រឹះស្ថានមូលបត្រក្នុងស្រុក ដើម្បីផ្តល់សេវាទីផ្សារមូលធនដែលពាក់ព័ន្ធដល់សហគ្រាសចិន។

ពង្រឹងការផ្លាស់ប្តូរទីផ្សារមូលធនកម្ពុជា-ចិន
កម្មវិធី Roadshow នេះ មិនត្រឹមតែជាផ្នែកសំខាន់មួយនៃការផ្សព្វផ្សាយ IPO របស់ ក្រុមហ៊ុន បុរី វិមានសំណាង​ ម.ក ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសកម្មភាពសំខាន់របស់ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ក្នុងការ តភ្ជាប់សហគ្រាសកម្ពុជា ជាមួយវិនិយោគិនចិន និងជំរុញការផ្លាស់ប្តូរទីផ្សារមូលធនកម្ពុជា-ចិន ផងដែរ។

ក្នុងអំឡុងកម្មវិធី លោកស្រី Nan Fang នាយិកាប្រតិបត្តិរងនៃក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានធ្វើបទបង្ហាញក្រោមប្រធានបទ «ទសវត្សរ៍មាសនៃទីផ្សារមូលធនកម្ពុជា» ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ការកសាងទីផ្សារមូលធន និងឱកាសនាពេលអនាគត ព្រមទាំងបង្ហាញពីសក្តានុពលនៃការរីកចម្រើនរបស់ទីផ្សារមូលធនកម្ពុជា។

ជុំវិញ IPO របស់ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក និងសំណួរដែលវិនិយោគិនចិនយកចិត្តទុកដាក់ តំណាងក្រុមហ៊ុនចេញផ្សាយ តំណាងក្រុមហ៊ុនធានាទិញ និងតំណាងក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានធ្វើការផ្លាស់ប្តូរយោបល់លើការរៀបចំ IPO យន្តការកំណត់តម្លៃ រយៈពេលហាមលក់ភាគហ៊ុនរបស់ម្ចាស់ភាគហ៊ុន និងការចូលរួមរបស់វិនិយោគិនបរទេសក្នុងទីផ្សារភាគហ៊ុនកម្ពុជា ដើម្បីជួយឱ្យវិនិយោគិនយល់កាន់តែច្បាស់អំពីក្រុមហ៊ុន បុរី វិមានសំណាង ម.ក និងទីផ្សារមូលធនកម្ពុជា។

ជាមួយគ្នានេះ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានផ្តល់ ការប្រឹក្សាផ្ទាល់អំពីការបើកគណនីមូលបត្រ និងនីតិវិធីចូលរួមទិញ IPO ដើម្បីសម្រួលដល់វិនិយោគិនចិនក្នុងការចូលរួមទីផ្សារមូលធនកម្ពុជា។

តាមរយៈ Roadshow ការផ្លាស់ប្តូរ និងសេវាវិនិយោគិនបានពង្រឹងបន្ថែមនូវ ការតភ្ជាប់រវាងវិនិយោគិនចិន សហគ្រាសកម្ពុជា និងទីផ្សារមូលធនកម្ពុជា ព្រមទាំងបង្កើតឱកាសកាន់តែច្រើនសម្រាប់សហគ្រាសកម្ពុជាក្នុងការចូលទៅកាន់ដើមទុនចិន និងអន្តរជាតិ។

តភ្ជាប់សហគ្រាស និងដើមទុនតាមរយៈសេវាវិជ្ជាជីវៈ

ការកំណត់ទិសដៅនេះ ក៏បង្ហាញពីតម្លៃវិជ្ជាជីវៈរបស់ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ផងដែរ៖ មួយផ្នែកបម្រើសហគ្រាសកម្ពុជា និងមួយផ្នែកទៀតតភ្ជាប់វិនិយោគិនចិន និងអន្តរជាតិ ដើម្បីជំរុញឱ្យមានការទំនាក់ទំនង និងការផ្លាស់ប្តូរដោយផ្ទាល់កាន់តែប្រសើររវាងសហគ្រាស និងដើមទុន។

រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានបន្តរៀបចំកម្មវិធីផ្សព្វផ្សាយ IPO ជាច្រើន ដោយបានប្រមូលផ្តុំបទពិសោធន៍ជាបន្តបន្ទាប់ក្នុង ការកសាងបណ្តាញវិនិយោគិន ការផ្សព្វផ្សាយទីផ្សារ IPO និងការតភ្ជាប់ជាមួយដើមទុនអន្តរជាតិ

ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក នឹងបន្តប្រើប្រាស់ធនធានវិនិយោគិនចិន និងអន្តរជាតិ ព្រមទាំងសមត្ថភាពវិជ្ជាជីវៈក្នុងវិស័យទីផ្សារមូលធន ដើម្បី ជួយសហគ្រាសកម្ពុជាដែលមានគុណភាពកាន់តែច្រើន ឱ្យចូលទៅកាន់ទីផ្សារមូលធន ផ្តល់សេវាវិជ្ជាជីវៈ និងមានប្រសិទ្ធភាពកាន់តែប្រសើរដល់វិនិយោគិនចិន និងអន្តរជាតិ ក្នុងការចូលរួមទីផ្សារមូលធនកម្ពុជា និងបន្តជំរុញការតភ្ជាប់ទីផ្សារមូលធនកម្ពុជា-ចិន។

Category Events


CALL CENTER (8/6)


មតិយោបល់ឬសំណួរណាមួយ?

+855 (0) 23 997 888
  services@cambodiasecurities.com.k

Archive